ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្្តម ម៉ែន វិបុល បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A ចំនួន០៥នាក់ក្នុងខេត្តស្វាយរៀង

ខេត្ត ស្វាយរៀង | កញ្ញា ២៨, ២០១៧ ២:៥០ ល្ងាច


ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៥រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២១ សីហា ២០០៧ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៥រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា ដែលលទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូល នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសិក្សាធិការអប់រំ ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឳកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ
ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន ព្រមទាំងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។

ជាចុងបញ្ចប់ ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៥រូប ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន ៖
១.ម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៧ ចំនួន ០១គ្រឿង
២.Laptop ១គ្រឿង និង
៣.ថវិកា ១០០.០០០រៀល ៕

photo_2017-09-28_12-09-11 photo_2017-09-28_12-09-36 photo_2017-09-28_12-10-18 photo_2017-09-28_12-10-28 photo_2017-09-28_12-11-12 photo_2017-09-28_12-13-30






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389